កិច្ចប្រជុំ ពិនិត្យនិងពិភាក្សា លើសេចក្តីព្រាង អនុក្រឹត្យ ស្ដីពីការគ្រប់គ្រង ផ្លូវឆ្លងកាត់ និងដីចំណីផ្លូវដែក

 ឯកឧត្តម ប៉ាល់ចន្ទតារា រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំ ពិនិត្យនិងពិភាក្សា លើសេចក្តីព្រាងអនុក្រឹត្យ ស្ដីពីការគ្រប់គ្រង ផ្លូវឆ្លងកាត់ និងដីចំណីផ្លូវដែក កាលពីថ្ងៃទី ២៨ ខែកុម្ភៈកន្លងទៅនេះ។

ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍ ផ្ដល់យោបល់ និងអនុញ្ញាតឱ្យ ពិនិត្យ ពិពាក្សាទម្រង់ រួម ជាទូទៅព្រមទាំង លើកឡើងចំណុចពាក់ព័ន្ធ មាត្រាសំខាន់ៗ ដែលចាំបាច់ និងមិនចាំបាច់ សម្រាប់រៀបចំ សេចក្តីព្រាងអនុក្រឹត្យនេះ ហើយដែលត្រូវទទួល បានការចាប់អារម្មណ៍ ជាដំបូង ពីសមាជិកអង្គប្រជុំ មុននឹងឈានដល់ ការពិភាក្សា ទៅតាមមាត្រានីមួយៗ នៅកិច្ចប្រជុំ លើកក្រោយៗទៀត។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ទៀតថា តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានស្នើសុំចូលរួម ក្នុងកិច្ចប្រជុំលើកក្រោយ និង ស្នើសុំឲ្យមានការ ពិនិត្យផ្ដល់យោបល់ និងធាតុចូលពាក់ព័ន្ធ ដល់ការគ្រប់គ្រង ដីចំណីផ្លូវថ្នល់ និងផ្លូវ ដែក និងដោះស្រាយការប៉ះពាល់ និង បទពិសោធន៍ នៃការអនុវត្តកន្លងមក សម្រាប់រៀបចំ សេចក្តីព្រាងអនុក្រឹត្យ ទាំងពីរ ទាំងការគ្រប់គ្រងចំណីផ្លូវថ្នល់ និងដីចំណីផ្លូវដែក ឲ្យបាន ទូលំទូលាយ និងស៊ីជម្រៅ ថែមទៀត។ ជាមួយគ្នានេះដែរ ឯកឧត្តម រដ្ឋលេខាធិការ បានណែនាំក្រុមការងារ រៀបចំសេចក្តីព្រាង ស្ដីពីការគ្រប់គ្រងផ្លូវ ឆ្លងកាត់ និងចំណីផ្លូវ ដែក ឲ្យយកខ្លឹមសារ និងមតិទាំងឡាយ ដែលបានលើកឡើង ក្នុងអង្គប្រជុំ លើកនេះ ទៅសិក្សាលម្អិតបន្ថែមទៀត និងរៀបចំកែសម្រួល សេចក្តីព្រាងឡើងវិញ ដើម្បីដាក់ជូនអង្គប្រជុំ លើកក្រោយទៀត ពិនិត្យពិភាក្សាបន្ត។
សូមបញ្ជាក់ថា សេចក្តីព្រាងអនុក្រឹត្យនេះ មានគោលបំណង កំណត់យន្តការ លើការគ្រប់គ្រង ផ្លូវឆ្លងកាត់ និងដីចំណីផ្លូវ ដែក ដាក់ចេញនូវវិធានការ គតិយុត្តចាំបាច់ ដើម្បីបង្កើន ប្រសិទ្ធភាព ក្នុងការគ្រប់គ្រង ការពារ និងលុបបំបាត់បាតុភាព អនីត្យានុកូលនានា នៅតាមផ្លូវ ឆ្លងកាត់ និងដីចំណីផ្លូវដែក បង្កលក្ខណៈងាយស្រួល ដល់សមត្ថកិច្ចពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការគ្រប់គ្រង និងផ្ដល់ភាពស្របច្បាប់ ដល់ពលរដ្ឋ ដែលជាម្ចាស់កម្មសិទ្ធិ អចលនទ្រព្យ នៅតាមដី ចំណីផ្លូវ ដែក រួមចំណែកទប់ស្កាត់ ឧបទ្ទវហេតុគ្រោះថ្នាក់ និងបង្កលក្ខណៈ ងាយស្រួលដល់ការធ្វើ ចរាចរណ៍តាមផ្លូវដែក ថែរក្សាបាននូវគុណភាពផ្លូវ ដែលឱ្យស្របតាម កម្រិតស្តង់ដារ បច្ចេកទេស ដើម្បីធានាបាននូវ អាយុកាលប្រើប្រាស់ ផ្លូវដែក រក្សាសណ្ដាប់ធ្នាប់សាធារណៈ និងបង្កើនសោភ័ណ្ឌភាព នៅតាមផ្លូវដែកផងដែរ៕ ប្រភព AKP