សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បើកបណ្តុះបណ្តាលមូលដ្ឋានស្តីពី ការងារស្ម័គ្រចិត្ត …

សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បើកបណ្តុះបណ្តាលមូលដ្ឋានស្តីពី ការងារស្ម័គ្រចិត្ត សម្រាប់យុវជនកាកបាទក្រហមកម្ពុជាវិទ្យាល័យពេជ្រចិន្តា ស្រុកភ្នំព្រឹក….។

សាខាកក្រកខេត្តបាត់ដំបង៖ នាថ្ងៃទី​ ១៧ ខែ​ មករា ឆ្នាំ ២០២៣ នេះសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងដែលមានឯកឧត្តម សុខ លូ ជាប្រធានគណៈកម្មាធិការសាខាបានចាត់មន្ត្រីប្រតិបត្តិសាខា ដឹកនាំដោយ លោក យ៉ាន ឧត្តម នាយករងសាខា តំណាងលោកនាយកសាខាបើកវគ្គបណ្តុះបណ្តាល មូលដ្ឋាន ស្តីពីការងារស្មគ្រ័ចិត្តសម្រាប់យុវជនកាកបាទក្រហកម្ពុជា ដែលបានដំណេីរការអស់រយៈពេល១ថ្ងៃ​ ជូនដល់ទីប្រឹក្សាយុវជន យុវជនកាកបាទក្រហមកម្ពុជា ចំនួន៦០នាក់​ (ស្រី៣៦នាក់) នៅវិទ្យាល័យពេជ្រចិន្ដាស្រុកភ្នំព្រឹក។

  ក្នុងពិធីបណ្ដុះបណ្ដាលនេះដែលលោកនាយករងសាខា បានពាំនាំនូវប្រសាសន៍របស់​ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា​ ខេត្តបាត់ដំបង ជាពិសេសប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខដល់លោកគ្រូ អ្នកគ្រូទីប្រឹក្សា​ ក្មួយៗយុវជន​ និងសិស្សានុសិស្សទាំងអស់ ដែលបានលះបង់ពេលវេលាក្នុងការចូលរួមជាមួយចលនាមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា​ សំដៅជួយរំលែកនូវទុក្ខលំបាករបស់ជនរងគ្រោះ​ និងងាយរងគ្រោះដោយប្រការផ្សេង​ ។


លោកបានគូសបញ្ជាក់ពីគោលបំណងនៃការបេីកវគ្គនេះគឺ​ ដេីម្បីពង្រឹង​ និងពង្រីកកម្លាំងមនុស្សធម៌​ ក្នុងនោះឱ្យយុវជនកាកបាទក្រហមយេីង​ បានយល់ដឹងសុីជម្រៅពីចលនាកាកបាទក្រហម​ តួនាទីភារកិច្ចរបស់ខ្លួន និងវិជ្ជាសង្គ្រោះបឋម ដែលជាមុខវិជ្ជាមួយអាចជួយសង្គ្រោះ​ ឫកាត់បន្ថយការឈឺចាប់របស់ជនរងគ្រោះដោយគ្រោះថ្នាក់ផ្សេងៗបាន មុនឡានពេទ្យ ឫក្រុមគ្រូពេទ្យមកដល់ ។​

លោកនាយករងសាខា​ ក៏សូមសម្តែងនូវការកោតសរសេីរវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការបញ្ចប់វគ្គនាថ្ងៃនេះ​ របស់ក្មួយៗទាំងអស់ ក្នុងការក្លាយខ្លួនជាយុវជនកាកបាទក្រហមកម្ពុជា​ ពេញលក្ខណៈ​ សំដៅដេីរតួជាយុវជនគំរូ​ឈានមុខ​ទាំងការងារជួយសង្គ្រោះ​ ការងារផ្សព្វផ្សាយបន្ត​ និងការងារមិត្តអប់រំមិត្ត​ ក្នុងការរួមគ្នាលេីកកម្ពស់កំលាំងមនុស្សធម៌ឱ្យបានកាន់តែសកម្មខ្លាំងក្លាថែមទៀត​ ។

សូមបញ្ជាក់ថា៖​ សម្រាប់មេរៀនដែលយកមកបង្ហាត់បង្ហាញរួមមាន ៖
១.ប្រវត្តិចលនា បដិរូប គោលការណ៍គ្រឹះទាំង៧ និងកាកបាទក្រហមកម្ពុជា
២.គ្រោះមហន្តរាយ និងការគ្រប់គ្រងគ្រោះមហន្តរាយ
៣.សុវត្ថិភាពចរាចរណ៍ផ្លូវគោក
៤.តួនាទី និងភារកិច្ចទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជា
៥.វិធីសាស្រ្តក្នុងការផ្សព្វផ្សាយសកម្មភាពរបស់យុវជន ៕
៦.វិជ្ជាសង្គ្រោះបឋម