មន្ត្រីជាន់ខ្ពស់ អាជ្ញាធរទន្លេសាប ដឹកនាំកិច្ចប្រជុំការងារ ពិនិត្យតាមដាន និងអធិការកិច្ច ដែនព្រៃលិចទឹក ក្នុងខេត្តសៀមរាប

ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួម អាជ្ញាធរទន្លេសាប និងជាប្រធានក្រុមការងារ ចុះត្រួតពិនិត្យ និងធ្វើអធិការកិច្ច ដែនព្រៃលិចទឹក និងព្រៃលិចទឹក នៅជុំវិញតំបន់បឹងទន្លេសាប លោក នាក់ ណារ៉ុន អភិបាលរងខេត្តសៀមរាប បានបើកកិច្ចប្រជុំពិភាក្សា លើការចុះពិនិត្យ ផ្ទៀងផ្ទាត់តាមដាន និងអធិការកិច្ច ដែនព្រៃលិចទឹក ព្រៃលិចទឹក ស្ថិតក្នុងភូមិសាស្ត្រ ខេត្តសៀមរាប កាលពីថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២៤ កន្លងទៅនេះ។

ឯកឧត្តម ហ៊ែលតូនី បានជម្រាបជូនអង្គប្រជុំ ពីសក្តានុពលដ៏មានសារៈសំខាន់ នៃបឹងទន្លេសាប នាពេលបច្ចុប្បន្ន ដោយកត្តាធំៗ គឺ កត្តាធម្មជាតិ( ប្រែប្រួលអាកាសធាតុ) និងកត្តាមនុស្ស។ ឯកឧត្តមបានបញ្ជាក់ទៀតថា ការចូលរួមលើកកម្ពស់ប្រសិទ្ធភាព នៃការអនុវត្តគោលនយោបាយ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទីមួយ របស់រាជរដ្ឋាភិបាល ក្នុងអាណត្តិទី ៧ នៃរដ្ឋសភា។

ឯកឧត្តមបានបន្តទៀតថា កិច្ចប្រជុំនាពេលនេះ គឺក្នុងពូលបំណង ពិភាក្សាលើចំណុច ៥ ទី ១- ការបង្ហាញពីលទ្ធផល សិក្សាស្រាវជ្រាវ របស់ក្រុមការងារ បច្ចេកទេស អាជ្ញាធរបឹងទន្លេសាប។ ទី ២- ពិភាក្សាលើបញ្ហាពាក់ព័ន្ធ តំបន់មួយ តំបន់ពីរ និងតំបន់ ៣។ ទី ៣- ចែករំលែក និងផ្លាស់ប្ដូរ ព័ត៌មាន ទិន្នន័យតំបន់មួយ តំបន់ពីរ និងតំបន់ ៣។ ទី ៤- រួមសហការ ជាមួយក្រសួង ស្ថាប័ន មន្ទីរជំនាញពាក់ព័ន្ធ ថ្នាក់ដឹកនាំខេត្ត កងកម្លាំង អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ក្នុងការចូលរួមការពារ ថែរក្សាធនធានធម្មជាតិ និងបរិស្ថានតំបន់មួយ តំបន់ពីរ និងតំបន់ ៣ នៃតំបន់បឹងទន្លេសាប។ និង ទី៥- ដាក់ផែនការ កម្មវិធីចុះអនុវត្តការងារ តាមតំបន់ជាក់ស្ដែង ក្នុងភូមិសាស្ត្រខេត្តសៀមរាប។

ក្នុងកិច្ចពិភាក្សា អង្គប្រជុំបានឯកភាព ទៅលើចំណុចមួយចំនួន ដូចជា កំណត់ បន្តកិច្ចសហការ រវាងថ្នាក់ខេត្ត មន្ទីរ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីចុះពិនិត្យ តាមដាន និងអធិការកិច្ច ដែនព្រៃលិចទឹក និងព្រៃលិចទឹក និងផ្ទៀងផ្ទាត់ឡើងវិញ នូវចំណុច លំអៀង នៃទិន្នន័យ របស់អាជ្ញាធរទន្លេសាប និងក្រសួង មន្ទីរជំនាញពាក់ព័ន្ធ ការចែករំលែកទិន្នន័យ ព័ត៌មាន រួមនឹងបច្ចេកទេស រវាងស្ថាប័នពាក់ព័ន្ធ ការដាក់ផែនការ កម្មវិធីចុះអនុវត្តការងារ តាមតំបន់ជាក់ស្ដែង ការទទួលបាន ការយល់ដឹង ពីសកម្មភាព និងការងារ ស្នូលរបស់អាជ្ញាធរដែនដី ក្នុងការចូលរួមទប់ស្កាត់ ការពារតំបន់ព្រៃលិចទឹក ធនធានជលផល ជីវៈចម្រុះ និងប្រព័ន្ធ អេកូឡូស៊ី ក្នុងដែនសមត្ថកិច្ច និងបន្តអនុវត្ត របស់ស្មារតីខ្លឹមសារ អនុក្រឹត្យលេខ ១៩៧ បន្តទៀត៕ ប្រភព AKP