ពិធីប្រកាស ចូលកាន់មុខតំណែង មន្ត្រីរាជការ ចំណុះក្នុងរចនាសម្ព័ន្ធ មន្ទីររ៉ែនិងថាមពលខេត្ត មន្ទីរបរិស្ថានខេត្ត មន្ទីរទេសចរណ៍ខេត្ត

 មន្ទីរកិច្ចការនារីខេត្ត និងមុខដំណែងគ្រប់គ្រង ក្នុងវិស័យអប់រំ មធ្យមសិក្សា ក្នុងស្រុកឯកភ្នំ

ឧត្តម សុខលូ អភិបាលនៃគណៈ អភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាស ចូលកាន់មុខតំណែង មន្ត្រីរាជការចំណុះ ក្នុងរចនាសម្ព័ន្ធ មន្ទីររ៉ែនិងថាមពលខេត្ត មន្ទីរបរិស្ថានខេត្ត មន្ទីរទេសចរណ៍ខេត្ត មន្ទីរកិច្ចការនារីខេត្ត និងមុខដំណែងគ្រប់គ្រង ក្នុងវិស័យអប់រំ មធ្យមសិក្សា ក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី ២ ខែមីនានេះ។

ក្រោយពីលោក ឆេង ជីរ៉ាត់ នាយកទីចាត់ការ គ្រប់គ្រងធនធានមនុស្ស អានដីកា របស់រដ្ឋបាលខេត្ត ស្ដីពីការតែងតាំង ផ្លាស់ប្ដូរភារកិច្ច និងប្រគល់ភារកិច្ច មន្ត្រីរាជការ រួចមក ឯកឧត្តម សុខលូ បានមានប្រសាសន៍ថា ចំពោះមន្ត្រីរាជការ ដែលទើបប្រកាស ចូលកាន់មុខតំណែង នឹងទទួលភារកិច្ចថ្មីនាពេលនេះ គឺបានឆ្លងកាត់ ការវាយតម្លៃ ពីគណៈអភិបាលខេត្ត ក៏ដូចជា ការវាយតម្លៃ របស់មន្ទីរ អង្គភាព សាមីយ៉ាងត្រឹមត្រូវ ដូច្នេះសូមឱ្យបងប្អូនទាំងអស់ ខិតខំយកចិត្តទុកដាក់ ពិសេសពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង ឲ្យបានល្អ ដើម្បីភាព ជោគជ័យនៃការងារយើង។
ពាក់ព័ន្ធទៅនឹងការ រីករាលដាល នៅជំងឺកូវិត ១៩ ប្រភេទ បំប្លែងថ្មី ភូមីក្រុង ដែលបាននឹងកំពុង រីករាលដាល ទូទាំងពិភពលោក ទើបការរៀបចំពិធីនេះ មិនបានទូលំទូលាយ គឺមកចូលរួមផ្ទាល់ខ្លះ និងចូលរួមតាមប្រព័ន្ធ online ខ្លះ ហើយចំពោះការប្រជុំ ក្រុមប្រឹក្សា យើងក៏ធ្វើតាមរបៀបនេះដែរ។ ឯកឧត្តម ក៏បានសំណូមពរ ឱ្យគ្រប់មន្ត្រីរាជការ ទាំងអស់ ទៅចាក់វ៉ាក់សាំងការពារ ជំងឺកូវិត១៩ ឲ្យបានគ្រប់គ្នា និងឱ្យបានគ្រប់ដូស ហើយត្រូវបន្ត អនុវត្ត វិធានការ របស់ក្រសួងសុខាភិបាល គឺ ៣កុំ និង ៣ការពារ ឲ្យបានជាប់ជាប្រចាំ នឹងត្រូវជំរុញផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឱ្យនាំកូនចៅ ដែលគ្រប់អាយុ តាមក្រសួងសុខាភិបាលបានកំណត់ ទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នា ទាំងនេះជាការរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ក្នុងការកាត់ផ្ដាច់ នៃការចម្លង មេរោគនេះ ឲ្យបានគ្រប់ៗគ្នា។ ឯកឧត្តមក៏បានស្នើសុំ ដល់មន្ទីរអប់រំយុវជននិងកីឡា ខេត្ត ជំរុញលើកទឹកចិត្ត ឲ្យសាលារៀន មានឧបករណ៍ ធ្វើតេស្តរហ័ស ដល់លោកគ្រូអ្នកគ្រូ ឲ្យបានគ្រប់គ្នា ជៀសវាងការចម្លង ដល់សិស្សានុសិស្ស។ ជាចុងក្រោយឯកឧត្តមក៏បានផ្ដាំផ្ញើ ដល់មន្ត្រីរាជការ ដែលទើបតែងតាំងថ្មី ត្រូវពង្រឹង ការអនុវត្តការងារ ពិសេសពង្រឹងសមត្ថភាព ដោយខិតខំ អភិវឌ្ឍន៍ខ្លួន ទាំងផ្នែកបញ្ញាស្មារតី នឹងត្រូវទទួលខុសត្រូវខ្ពស់ ចំពោះតួនាទីភារកិច្ចរបស់ខ្លួន៕អត្ថបទ ម៉ូតវ៉ោយហូរ រូបភាព លោកសាន់ឈង