សម្តេច​ក្រឡាហោម បញ្ជា​អោយ អភិបាល​រាជធានី ខេត្ត បន្ត​យកចិត្តទុកដាក់​ជា​អទិភាព​លើ​កិច្ចការ​សង្គ្រោះ​ជីវិត​មនុស្ស​ពី​ជំនន់​ទឹកភ្លៀង​

​ដោយសារ​ស្ថានភាព​ភ្លៀង​ធ្លាក់​ខ្លាំង​នៅតែ​បន្ត​កើតមាន ធ្វើឲ្យ​ជន់​លិច​ភូមិដា្ឋន ផ្ទះសម្បែង និង​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​ជា​ច្រើន​កន្លែង ជាពិសេស​នៅ​តាម​បណ្ដា​ខេត្ត​ភាគ​ពាយ័ព្យ​ប្រទេស សម្តេច​ក្រឡាហោម សរ ខេង បញ្ជា​ដល់ ឯកឧត្តម លោកជំទាវ​អភិបាល​រាជធានី ខេត្ត បន្ត​យកចិត្តទុកដាក់​ជា​អាទិភាព​បំផុត​លើ​កិច្ចការ​សង្គ្រោះ​អាយុជីវិត និង​ដោះស្រាយ​បញ្ហា​ប្រឈម​ចំពោះមុខ ។​

​ក្នុងផេក​ហ្វេស​ប៊ុក​ផ្លូវកា​របស់​ខ្លួន សម្តេច​ក្រឡាហោម បន្តថា​ក្នុង​ស្ថានភាព​នេះ ការធ្វើ​ចរាចរណ៍​នៅតាម​ដងផ្លូវ​ដែល​មាន​ការ​ជន់​លិច​ក៏​អាច​បង្កឲ្យមាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​បងប្អូន​ប្រជា​ពលរដ្ឋ ហេតុដូច្នេះ ខ្ញុំ​សូម​ណែនាំ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ត្រូវ​យកចិត្តទុកដាក់​ត្រួតពិនិត្យ និង​ជួយ​សម្រួល​ការធ្វើ​ចរាច​រណ៍​នៅលើ​កំណាត់​ផ្លូវ​ដែល​រង​ការ​ជន់​លិច ដូចជា​ការផ្អាក​ការធ្វើដំណើរ​ឆ្លងកាត់ និង​ការដាក់​ស្លាក​សញ្ញា​សំគាល់ ដើម្បី​ការពារ​គ្រោះថ្នាក់​ជា​យថាហេតុ​។​

​សម្តេច​ក៏​អំពាវនាវ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​តំបន់​មានការ​ជន់​លិច យកចិត្តទុកដាក់​តាម​ដាន​ព័ត៌មាន និង​ការណែនាំ​របស់​អាជ្ញាធរ ដើម្បី​ការពារ​សុវត្ថិភាព ជា​ពិសេស​រាល់​ពេល​ធ្វើដំណើ​រ​នៅ​តំបន់​ដែល​មាន​ការ​ជន់​លិច ៕​ដោយ ភី សុខ​