បុរសម្នាក់យកញញួរវាយប្រពន្ធនិងកន្រ្តៃដេញចាក់ ត្រូវកម្លាំងអាវុធហត្ថឃាត់ខ្លួន

បុរសជាប្តីម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបងឃាត់ខ្លួនបញ្ជូនទៅកាន់តុលាការចាត់ការតាមច្បាប់នាថ្ងៃទី០៦ខែមីនាក្រោយពីក្រោយពីប្រើហឹង្សា ដោយយក ញញួវាយ និងយកកន្រ្តៃដេញចាក់ព្រមទាំងវាយដំលើរូបរាងកាយប្រពន្ធបណ្តាលឱ្យរងរបួសពេញខ្លួន ។

បើតាមលោក រិន សារឿន នាយការិយាល័យផ្សព្វផ្សាយនិងអប់រំនៃកងរាជអាវុធហត្ថ បានបញ្ជាក់ថាជនសង្ស័យឈ្មោះ ធៀង នុរក្ស មុខរបរមិនពិតប្រាកដ រស់នៅភូមិផ្កាស្លា សង្កាត់ចំការសំរោងក្រុងបាត់ដំបង ត្រូវបានកម្លាំងអាវុធហត្ថក្រុងឃាត់ខ្លួនតាមពាក្យបណ្តឹងរបស់ស្រ្តីជាភរិយាកាលពីថ្ងៃទី០៥ខែមីនា ថា ប្រើហឹង្សាធ្ងន់ធ្ងរលើនាង និងត្រូវបានបញ្ជូនបុរសជាប្តីនេះទៅតុលាការចាត់ការតាមច្បាប់ហើយ ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបញ្ជាក់ថាជនរងគ្រោះជាប្រពន្ធឈ្មោះ ស្នា រឿមហៅយ៉ុង អាយុ៣៥ឆ្នាំមុខរបរកម្មករបានដាក់ពាក្យបណ្តឹងចោទប្រកាន់ប្តីរបស់នាងថាបានប្រើហឹង្សាលើនាងនៅម៉ោង១និង៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី០៥ខែមីនា។តាមពាក្យបណ្តឹងជនរងគ្រោះបញ្ជាក់ថា ដំបូងប្តីនាងបានធ្វើសកម្មភាពយកញញួរវាយទៅលើនាងបណ្តាលឲ្យមានស្នាមហើមចំត្រង់កំភួនជើងខាងស្តាំ និងយកកន្រ្តៃដេញចាក់តែត្រូវបាននាងគេចទាន់ រួចប្តីនាងក៏បន្តធ្វើសកម្មភាពវាយជាច្រើនដៃបណ្តាលឲ្យមានស្នាមចំផ្ទៃមុខ
និងពកក្បាលផ្នែកខាងក្រោយថែមទៀត។

បច្ចុប្បន្ននេះបុរសជាប្តីត្រូវបានកម្លាំងកងរាជអាវុធហត្ថបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមនិតិវិធី
ច្បាប់ហើយ៕ អត្ថបទ ភី សុខ